សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងមូលនិធិCYTUC ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់ គ្រួសារកងទ័ពដែលបានពលី និងអង្គភាព ឈរជើងនៅទិសបឹងត្រកួន

image

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឈុំ វាសនា ប្រធានមូលនិធិសហភាពសហជីពយុវជនកម្មករកម្ពុជា CYTUC បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តម គឹម ចាន់សំណាង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់ អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧ ដែលមានទីតាំងស្ថិតនៅទិសបឹងត្រគួន ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនេះ គឺជាការរួមចំណែកដោយស្មារតីសាមគ្គី និងទឹកចិត្តសប្បុរសធម៌ ពីថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងបងប្អូនកម្មករនិយោជិតជាសមាជិកសមាជិកា តាមបណ្តារោងចក្រ និងសហគ្រាសនានា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខសង្គមជាតិ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសម្តែងនូវការគោរព កោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយចិត្តរបស់កងកម្លាំងនគរបាលការពារព្រំដែន ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាជន និងការពារសន្តិភាព ស្ថិរភាពជាតិ។